គំនិតរកស៊ីយុវជនមួយក្រុមនេះ អាចរកស៊ីនៅខ្មែរបាន ហើយមិនពិបាកទិញទំនិញមកពីក្រៅស្រុកដូចមុន

ដូចអ្នកដឹងស្រាប់ហើយថានៅពេលដែលយើងចង់ទិញទំនិញមកពីក្រៅស្រុកម្ដងៗគឺពិបាកខ្លាំងណាស់ ព្រោះត្រូវការរបៀបក្នុងការទិញច្រើន ជាពិសេសក៏ត្រូវចំណាយច្រើនដែរ ជាមួយថ្ងៃរងចាំយូរទើបបានមកដល់ដៃយើង មានខ្លះចាំពី ២០ ថ្ងៃឡើងក៏មាន ទម្រាំបានប្រើចង់អស់ចិត្តហើយ ។
ជាមួយគ្នានេះដែរ យើងនឹងនាំអ្នកទៅស្គាល់គំនិតរកស៊ីរបស់យុវជនមួយក្រុមដែលដាក់មហិច្ឆតាធំចង់បង្កើត ហាងទិញដូរទំនិញធំជាងគេនៅខ្មែរ ឬ ហៅថា Mini Amazon នៅក្នុងស្រុកជាដើម ។
តាមរយៈនោះ សហស្ថាបនិកវេបសាយ Buyloy.com លោក ប្លង់ ផល្លា ក៏បានប្រាប់ Business Cambodia ដែរថា ការចាប់ផ្ដើមធ្វើវេបសាយលក់ទំនិញតាមអ៊ីនធើណែតវាពិតជាពិបាកសម្រាប់ក្នុងស្រុកយើង ព្រោះថាអត្រាអ្នកប្រើប្រាស់អ៊ីនធើណែតនៅមានកម្រិត ហើយដៃគូរប្រកួតប្រជែងក៏មានច្រើន រួមទាំងការគៀងគរដៃគូរដែលស្រលាញ់ការងារនេះដូចយើង រឹតតែពិបាកថែមទៀត ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមរបស់លោកក៏មានមហិច្ឆតាដូចគ្នានេះដែរ គឺចាប់ផ្ដើមលក់ទំនិញតាមរយៈវេបសាយ Buyloy.com ចាប់ពី A ដល់ Z ផងដែរ ព្រោះដើម្បីជួយសម្រួលដល់អ្នកចង់ទិញទំនិញមិនបាច់ហត់ទៅទិញពីវេបសាយបរទេសអស់ថ្លៃច្រើនដូចមុនទៀតនោះទេ ហើយក៏មិនខា្លចរឿងហារនិភ័យទៀតដែរ ។
គួរបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះទំនិញជាង ៥០០ មុខហើយដែលមានលក់នៅលើ Buyloy ហើយថ្មីៗនេះលោកក៏ប្រាប់ដែរថា គ្រោងនឹងបញ្ចូលបន្ថែមទៀតដែរ ដើម្បីឲ្យមានទំនិញកាន់តែច្រើន និងធ្វើយ៉ាងណាឲ្យការទិញទំនិញរឹតតែងាយស្រួល ។
បន្ថែមផងដែរថា ប្រសិនបើនៅស្រុកខ្មែរយើងមានវេបសាយ E-Commerce បែបនេះកាន់តែច្រើននោះ វាជាការល្អ ព្រោះនាំឲ្យអ្នកចំណេញច្រើន ដូចជាការ ចំណាយថ្លៃកម្រៃជើងសារ ឬ ទំនាក់ទំនងទៅទិញពីវេបសាយទាំង រួមទាំងទំនិញខ្លះគឺមិនអាចលក់មកខ្មែរយើងបានទៀតផង ជាពិសេសក្រុមមួយនេះក៏ត្រូវបានអ្នកបោះទុនលើវិស័យ Tech StartUp កំពុងចាប់អារម្មណ៍ខ្លាំងទៀតដែរ ៕
អត្ថបទដោយ ៖ ឆាំ មករា
ប្រភព៖ https://www.business-cambodia.com/article/idea-of-youth-cambodia-e-commerce%20